
មន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី ចុះវាយតម្លៃការចុះកិច្ចបញ្ជិកាលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនិងផ្សព្វផ្សាយពីសារៈសំខាន់នៃ "បណ្ណសម្គាល់ជនមានពិការភាព" ជូនដល់បុគ្គលិកនៅរោងចក្រកែច្នៃកៅស៊ូ សុកហ្វីន
មណ្ឌលគិរី៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងធានាបាននូវសិទ្ធិអត្ថប្រយោជន៍របស់ជនមានពិការភាព នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បានចុះវាយតម្លៃការចុះកិច្ចបញ្ជិកាលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនិងធ្វើការផ្សព្វផ្សាយដោយផ្ទាល់អំពីអត្ថប្រយោជន៍ និងនីតិវិធីនៃការស្នើសុំ "បណ្ណសម្គាល់ជនមានពិការភាព" ជូនដល់បុគ្គលិកដែលមានពិការភាព ដែលកំពុងបំពេញការងារនៅក្រុមហ៊ុនរោងចក្រកែច្នៃកៅស៊ូ សុកហ្វីន ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានគូសបញ្ជាក់ថា បណ្ណសម្គាល់ជនមានពិការភាព គឺជាឯកសារគតិយុត្តដ៏សំខាន់ ដែលអនុញ្ញាតឱ្យជនមានពិការភាពទទួលបាននូវសិទ្ធិ និងអត្ថប្រយោជន៍ជាច្រើនពីសំណាក់រាជរដ្ឋាភិបាល។











