
ឯកឧត្តម សុខ លូ អញ្ជើញជួបពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោង «ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង» ជាមួយលេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា
នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Kiichi IKEHARA លេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោង «ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង»។ ក្នុងជំនួបនេះ ភាគីជប៉ុនបានលើកឡើងថា រដ្ឋាភិបាលជប៉ុនមានបំណងផ្តល់ឧបករណ៍កែច្នៃកាកសំណល់ដល់ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់ កាត់បន្ថយបរិមាណសំរាមត្រូវបោះចោល និងពង្រីកអាយុកាលនៃទីលានចាក់សំរាម ស្របតាមគោលការណ៍សេដ្ឋកិច្ចវិលជុំ។ ឧបករណ៍នេះគ្រោងប្រគល់ឱ្យប្រតិបត្តិករដែលមានសមត្ថភាពគ្រប់គ្រង និងអនុវត្តតាមស្តង់ដារបច្ចេកទេសជប៉ុន ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។











