
ការផ្លាស់ប្តូរពីប្រព័ន្ធទូរទស្សន៍អាណាឡូកទៅជាប្រព័ន្ធទូរទស្សន៍ឌីជីថល ដើម្បីធានាសិទ្ធិទទួលព័ត៌មាន និងសន្តិសុខព័ត៌មាន
ភ្នំពេញ៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បាននិងកំពុងជំរុញការផ្លាស់ប្តូរពីប្រព័ន្ធទូរទស្សន៍អាណាឡូកទៅជាប្រព័ន្ធឌីជីថល ដោយកំណត់គោលដៅធានាសិទ្ធិទទួលព័ត៌មាន និងសន្តិសុខព័ត៌មាន ព្រមទាំងមិនទុកប្រជាពលរដ្ឋណាម្នាក់ រួមទាំងអ្នកនៅតំបន់ជនបទដាច់ស្រយាល ឬគ្រួសារខ្វះខាត ឱ្យស្ថិតក្រៅប្រព័ន្ធទទួលព័ត៌មានផ្លូវការឡើយ។ ថ្លែងនៅក្នុងសិក្ខាសាលាពាក់ព័ន្ធនឹងវិស័យទូរទស្សន៍ឌីជីថល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ និងបែបវិជ្ជាជីវៈកំពុងប្រឈមការប្រែប្រួល និងការថយចុះវត្តមាននៅតាមតំបន់មួយចំនួន ដោយសារការកាត់បន្ថយការចំណាយ ទីតាំង ឬរីឡេ នៅពេលចំនួនអ្នកមើល ឬអ្នកជាវតិច ខណៈប្រជាពលរដ្ឋជាច្រើនងាកទៅប្រើប្រាស់បណ្តាញសង្គមដូចជា TikTok និង Facebook ជាមូលដ្ឋានសម្រាប់ទទួលព័ត៌មាន។











